រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ភ្នំពេញ ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុស ហើយជឿជាក់ថា នឹងចូលរួមលើកកម្ពស់សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ។ ការគាំទ្រនេះធ្វើឡើងក្នុងឱកាស ដែលក្នុងឱកាសអញ្ជើញជាអធិបតីពិធី “ប្រកាសបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ “ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហុីម៉ាវារី ភ្នំពេញ។ ក្នុងពិធីប្រកាសបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ រៀបចំឡើងដោយ ក្រុមហ៊ុន ខេមប្រ៊ូវ សហការជាមួយក្រុមហ៊ុន Grab ក្នុងគោលបំណងគាំទ្ររាល់ការអបអរប្រកបដោយ ការទទួលខុសត្រូវ និងជំរុញឲ្យតម្លៃទៅលើការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានបញ្ជាក់ថា ការរួមគ្នាប្រកាសបើកបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយកាទទួលខុសត្រូវ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក ក្នុងការគាំទ្រឱ្យមានឧស្សាហកម្មគ្រឿងស្រវឹង ដែលមានការទទួលខុសត្រូវ ការអប់រំលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីការទទួលទានគ្រឿង ជាពិសេសផល ប៉ះពាល់នៃការបើកបរក្នុងស្ថានភាពស្រវឹង ស្រ្តីមានផ្ទៃពោះ អនីតិជន និងគាំទ្រដល់ការកំណត់អាយុអប្បបរមា សម្រាប់អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹងនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ។

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេមប្រ៊ូវ (Carisberg Cambodia) ក៏ជាភាគីហត្ថលេខីលើក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ លើផលិតផលគ្រឿងស្រវឹង នៅកម្ពុជា ។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia) បានមានប្រសាសន៍ថា៖ «ការចាប់ដៃគូសហការ គឺជាវិធីសាស្រ្តដ៏សំខាន់មួយចំពោះការបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងដោយរីករាយ និងសុវត្ថិភាព។ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងដៃគូអាជីវកម្ម គឺជាដៃគូដ៏សំខាន់ក្នុងការបង្ហាញពីរបៀបដែលអាចរួមគ្នាជំរុញការពិសាដោយទំនួលខុសត្រូវ ជាពិសេសនៅពេលនិយាយអំពីការបើកបរក្នុងស្ថានភាពស្រវឹង ស្ត្រីមានផ្ទៃពោះ និងអនីតិជន»។

ជាមួយគ្នានេះ លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា (Grab Cambodia) បានលើកឡើងថា៖ «យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Cambrew Ltd (Carlsberg) ដើម្បីជំរុញការពិសាគ្រឿងស្រវឹងប្រកបដោយ ការទទួលខុសត្រូវ ក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ដោយសារការបើកបរក្នុងស្ថានភាពស្រវឹងនៅក្នុងប្រទេសកម្ពុជា»។ លោកនាយកគ្រប់គ្រង ជឿជាក់ថា រាល់ការអបអរ ឬការប្រារព្ធកម្មវិធីនានាគួរតែបញ្ចប់ទៅដោយភាពរីករាយ និងមានសុវត្ថិភាព។ ជាមួយនឹងកិចុ្ចខិតខំប្រឹងប្រែងរួមគ្នានេះ សង្ឃឹមថា «ពិសាគ្រឿងស្រវឹង កុំបើកបរ សូមជិះហ្រ្គេប» ជាសារសម្រាប់យើងទាំងអស់គ្នា» ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *