ខេត្តស្ទឹងត្រែង៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្លួនឯង ដោយរថយន្តទំនើបម៉ាកតូយូតាឡិចស៊ីសបានបើករបូតកង់ ក៏ក្រឡាប់ធ្លាក់ផ្លូវធ្វើឱ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះស្ថិតនៅលើផ្លូវជាតិលេខ៧៨A ភូមិក្បាលរមាសថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី៣ ខែមេសា។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងដោយខ្លួនឯង ព្រោះរថយន្តម៉ាកឡិចស៊ីស RX៣៣០ផ្លាកលេខភ្នំពេញ2AJ.2114 បើកពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែរថយន្ត បានរបូតកង់ហើយក៏ក្រឡាប់បណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់២នាក់។ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
មន្ត្រីដដែលបានបន្តថា ចំពោះអ្នកបើករថយន្តនិងអ្នករួមដំណើរដែលរងគ្រោះថ្នាក់នោះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ក្រោយមកអាជ្ញាធរកំពុងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីប្រគល់សពយកទៅធ្វើបុណ្យ៕