ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាបថា ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម 

ខេត្តសៀមរាប៖ ដើម្បីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមមូលបទ “រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមជាមួយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូននារីសាលាខេត្តសៀមរាបប្រមាណ​ ១០០នាក់ កាលពីព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។

 

បន្ទាប់ពីលោកស្រី យូ សុភា អភិបាលរងខេត្ត បានអានសារលិខិតជូនពររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម​ មុនីនាថសីហនុ ជូនដល់បងប្អូននារី ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ រួចមក លោកជំទាវ ទាង អេង ទៀ សីហា ដើមី្បសន្តិភាពនឹងអភិវឌ្ឍន៍ខេត្ត បានធ្វើការកោតសរសើរ អំពីវីរៈភាពរបស់បងប្អូននារី នៃមន្ត្រីសាលាខេត្តសៀមរាប ក៏ដូចនៅទូទាំងប្រទេស ដែលបានពុះពារនូវគ្រប់ការលំបាកសព្វគ្រប់បែបយ៉ាង ដើមី្បប្រទេសជាតិ និងក្រុមគ្រួសារ។

លោកជំទាវ ក៏បានលើកនូវគំរូល្អៗរបស់ស្ត្រីខ្មែរយើង បានប្រតិបត្តិបានខ្ជាប់ខ្ជួន និង ស្របតាម មូលបទ​”រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគស័យឌីជីថល”។

ថ្លែងក្នុងឱកាសដ៍រីករាយនោះដែរ ឯកឧត្តម ទៀ សីហា បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះស្ត្រីសាលាខេត្ត ដែលបានចូលរួមគ្រប់សកម្មភាព ធ្វើឱ្យម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងខេត្តនាពេលកន្លងមក។

ឯកឧត្តម មានប្រសាសន៍ថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ក្រោមមូលបទ “ស្ត្រីរួមគ្នា ថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគ្គសម័យ ឌីជីថល”​ ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញគ្រប់ដៃគូរពាក់ព័ន្ធ បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និង ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម អភិបាលខេត្ត បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគាំទ្រ ជម្រុញឲ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

ឯកឧត្តម បានបញ្ជាក់ថា ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារបញ្ច្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យ ក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និង មិនមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ ហើយសិទ្ធិ និងតម្លៃ នៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន​។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៍បានលើកទឹកចិត្ត ដោយការជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូននារី ជាមន្ត្រី បុគ្គលិក កម្មករនៅសាលាខេត្តសៀមរាប នៅពេលខាងមុខនេះ ឯកឧត្តម នឹងបង្កើតឲ្យមាន ទីកន្លែងសម្រាប់ថែទាំកុមារ របស់ មន្ត្រីសាលាខេត្ត និង ទីកន្លែងអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយៗទៀតផង ។

ដើម្បីអបអរសាទរ ខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ២០២៣ នេះផងដែរ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត បានធ្វើការឧបត្ថម្ភជួនដល់អនុសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាព នឹងអភិវឌ្ឍន៍សាលាខេត្ត នូវថវិកា ចំនួន២ពាន់ ដុល្លា ព្រមទាំងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ដល់បងប្អូននារី ម្នាក់ៗទទួលបាន ក្រណាត់ហួល ២សំពត់ និង ក្រណាត់ប៉ាក់ ១អាវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *