រាជធានីភ្នំពេញ៖ ករណីអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញផ្ទះមួយខ្នងជាកន្លែងកាត់ដេរផលិត-ស្តុក-និងលក់ពូក-សាឡុងជាមួយសម្ភារប្រើប្រាស់អស់ទាំងស្រុង។
គ្រោះមហន្តរាយនេះបានកើតឡើងនៅផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។ មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សៀង ធារិទ្ធ អាយុអា៣៩ឆ្នាំ មុខរបរដេរពូកសាឡុង។ ផ្ទះដែលភ្លើងបានឆាបឆេះអស់ទាំងស្រុងនោះមានទំហំទទឹង៥ម៉ែត្រគុណ១៦ម៉ែត្រជាមួយទំនិញនិងសម្ភារជាច្រើន។
បុរសរងគ្រោះបានឱ្យដឹងថា ផ្ទះខាងលើជាកន្លែងស្តុក និងកាត់ដេរពូកសាឡុង សម្រាប់លក់។ពេល យប់រូបគាត់ចាក់សោចោលរួចទៅសម្រាកនៅផ្ទះផ្សេងស្ថិតក្នុងភូមិនោះដែរ។លុះព្រឹកឡើងថ្ងៃកើតហេតុភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅមិនអាចមានការជួយពន្លត់ទាន់។
ពេលភ្លើងកំពុងឆេះត្រូវបានសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងទៅអន្តាគមន៍ បាញ់ទឹកទើបភ្លើងរលត់។ក្នុងនោះមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ប៉ុន្តែទំហំនៃការខូចខាតគេក៏មិនទាន់ដឹងនៅឡើយដែរព្រោះសមត្ថកិច្ចកំពុងសាកសួរ។ ក្រោយពីកើតហេតុផ្នែកជំនាញបានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារឆ្លងចរន្តអគ្គិនី៕