ប៉ូលីសខេត្តសៀមរាប ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ “រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” 

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ “រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ក្នុងលំនៅឋានមួយកន្លែង ស្ថិតនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាល ចូលរួមសហការណ៍ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ដែលដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានចុះបង្ក្រាបបទ “រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់។

 

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលមាន ឈ្មោះ គ្រឿន គីមឡែន ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិវាល សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ដែលរក្សាទុកជួញដូរ និង ប្រើប្រាស់សារធាតុញៀន(វិជ្ជមាននៅក្នុងខ្លួន) ។

សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលបានដករហូតពេលនោះរួមមាន ម្សៅមេតំហ្វេតាមីនចំនួន១០ កញ្ចប់ ស្មើនឹងទម្ងន់១៨.៣ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង សម្ភារៈវេចខ្ចប់ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៤ គ្រឿង ផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *