ខេត្តសៀមរាប៖ ប្រារព្ធពិធីប្រកាស ក្រុងសៀមរាប និងស្រុកក្រទ្បាញ់ គ្មានមីន ក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេសអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្រ្គោះជនពិការដោយសារមីន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នឹងលោកនួន ពុទ្ធរ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ឯកឧត្តម លោកជំទាវ តំណាងអង្គទូត ប្រធានកងឯកភាពកម្ចាត់មីនទី ៤ ប្រចាំខេត្តសៀមរាប ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស ,ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ អស់លោក លោកស្រីជាតំណាងប្រទេសស្វីស ,ប្រទេសអាមេរិក និង តំណាងអង្គការ HD R&D និង លោកនាយកអង្គការ ហេឡូត្រាស្ត ប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន, អភិបាល ស្រុកក្រឡាញ់ តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការ អាជ្ញាធរឃុំ សង្កាត់ និងប្រជាពលរដ្ឋ នៃក្រុង ស្រុកទាំងពីរចូលរួមផងដែរ ។
សម្រាប់ខេត្តសៀមរាប ចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេលបច្ចុប្បន្ន ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម របស់អង្គភាពប្រតិបត្តិករ ដែលបាន និងកំពុងធ្វើប្រតិបត្តិការក្នុងខេត្តមាន CMAC , Halo Trust និង អង្គការដោះមីនកម្ពុជា បានធ្វើការបោស សម្អាត ចម្កាមីនលើផ្ទៃដីសរុប ៨៨លាន១៣០ពាន់៩៥៥ម៉ែត្រក្រឡា ស្មើនឹង ៨ពាន់៨១៣ហិកតា រកឃើញមីនថ្មើជើង ចំនួន ២១ពាន់៤៣៩ គ្រាប់ ,មីនតោនចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះសល់ពីសង្រ្គាមគ្រប់ប្រភេទមាន ចំនួនៈ១១៤ពាន់៤៥៨ គ្រាប់ ។
ទាំងនេះ គឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយះអាជ្ញាធរមីនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីបណ្តារ ប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូរជាច្រើន បានធ្វើការរំដោះផ្ទៃដីចម្ការមីនសល់ពីសម័យសង្គ្រាម ដើម្បីផ្តល់ដីមានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់អាស្រ័យផល និង មិនមានការព្រួយបារម្ភ ពីគ្រោះថ្នាក់ ដែលអាចកើតឡើង ដោយសារកាកសំណល់សល់ពីសម័យសង្គ្រាមទាំងនោះទៀតឡើយ ជាក់ស្តែងសម្រាប់ ក្រុងសៀមរាប និង ស្រុកក្រឡាញ់ នៃខេត្តសៀមរាប គឺជាក្រុង ស្រុកអស់មីន ចាប់ពីថ្ងៃនេះតទៅ ៕