ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើ facebook ផ្លូវការរបស់សម្ដេច នៅរសៀលថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២នេះថា ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្ដេចលោកបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន៣០លានដុល្លារភ្លាម ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សម្ដេចលោកបន្តថា ថវិកានេះរួមជាមួយថវិកាពីដៃគូរអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ២០២៤ និង២០២៥អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។
សម្ដេចតេជោបានបញ្ជាក់ជួន បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ របស់សម្ដេចថា ដោយថវិកាចំនួន18,473,570ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ និងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ។
សម្ដេចនាយករដ្ឋមន្ត្រីក៍សូមអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីឲ្យឆ្នាំ២០២៥កម្ពុជាគ្មានមីន ក្នុងការផ្តល់ដីដោយសុវត្តិភាពនិងដោយស្នាមញញឹម។
ជាចុងក្រោយសម្ដេចក៏សូមបួងសួង សូមឲ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយ:ពេល៥៥ឆ្នាំ(១៩៧០.២០២៥)៕