ភ្នំពេញ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំដល់ក្រុមនិស្សិតកម្ពុជា ត្រូវចេះអភិវឌ្ឍន៍សមត្ថភាពខ្លួន ចេះធ្វើការងារជាក្រុម និងរៀនសូត្រអំពីការវិវត្តន៍នៃសភាពការណ៍នយោបាយពិភពលោក ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ស្របតាមបរិបទនយោបាយក្នុងតំបន់ និងលើកតម្កើងសេដ្ឋកិច្ចគ្រួសារ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ផលប្រយោជន៍របស់កម្ពុជាផងដែរ។
ការណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី ចំនួន២១នាក់ នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកជាពិសោធន៍ក្នុងការរស់នៅអូស្រ្តាលី និងផ្តល់ជាអនុសាសន៍ជូននិស្សិតកម្ពុជាថា ក្រៅពីឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួន ប្អូនៗក៏ត្រូវប្រឹងប្រែងសិក្សាស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសអូស្រ្តាលី ដែលជាប្រទេសមានភាពសំបូរបែបលើអាហារូបត្ថម្ភ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា ប្អូនៗនិស្សិតត្រូវជឿជាក់លើខ្លួនឯង៕