ដើមឈើចាស់ធំៗនៅលើខ្នងភ្នំគូលែន បានរលំបាក់សង្កត់ពីលើរថយន្តស៊េរីទំនើបចំនួន៣គ្រឿង

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដើមឈើ​ចាស់​ធំ​ៗ​នៅ​លើ​ខ្នងភ្នំ​គូលែន បានរ​លំបាក់​សង្កត់ពីលើ​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង នៅ​ចំណតរថយន្ដ​ទឹកធ្លាក់​ជាន់​ទី​៣ (​ទឹកជ្រោះ​ភ្នំ​គូលែន​) បណ្តាល​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់ជាប់ៗគ្នា​ ព្រម​ទាំង​​មាន​​ផ្គរ​រន្ទះបាញ់​ផងដែរ ធ្វើ​ឱ្យ​រលើង​ឫស​រលំ​សង្កត់​លើ​រថយន្ត​តែម្តង។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល នៅ​ចំណុច​ចំណតរថយន្ដ​ទឹកធ្លាក់​ជាន់​ទី​៣ (​ទឹកជ្រោះ​ភ្នំ​គូលែន​) ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ​។

បើ​តាម​ប្រសាសន៍​របស់​លោក អៀង ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយ​លើ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២​នេះ​ថា ករណី​ដើមឈើរ​លំបាក់​សង្កត់​លើ​រថយន្ត​ទំនើប​ចំនួន​៣​គ្រឿង បណ្តាល​ឱ្យ​ខូចខាត​យ៉ាង ធ្ងន់ធ្ងរ​នោះ គឺ​បណ្តាល​មក​ពី​ភូត​ហេតុ​គ្រោះ​ធម្មជាតិ ដែល​មាន​ភ្លៀង​ធ្លាក់ជាប់​ៗគ្នា និង​ខ្យល់​កន្ត្រាក់ ។

លោក​បញ្ជាក់​ថា រថយន្ត​ទំនើប​ចំនួន​៣​គ្រឿង​ដែល​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​នោះ គឺ​ទី​១- រថយន្ដ Lexus 200T ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ 2AX- 1787 ខូចខាត​ផ្នែក​ខាងក្រោយ​។ ទី​២- រថយន្ដ Ford Ranger ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AV-3368 ខូចខាត​ផ្នែក​ដំបូល​ទាំងស្រុង ដែល​ម្ចាស់​រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​នេះ មានឈ្មោះ សុខ លី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្ដសៀមរាប​។ និង​ទី​៣- រថយន្ដ Toyota Vigo ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប​2C-3176 ខូចខាត​ផ្នែក​ខាង​មុខ ដែល​មាន​ម្ចាស់​រថយន្ដ​ឈ្មោះ អ៊ុ​ន វី​រៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​យោធា ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្ដសៀមរាប​។

 

លោក​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​មាន​ករណី​គ្រោះ​ធម្មជាតិ​រួច​មក ត្រូវ​បាន​កម្លាំង​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​យីហោ «​នគរ គោក​ធ្លក​» កំពុង​កាត់​ដើមឈើ ដើម្បី​យក​រថយន្ដ​ចេញ និង សម្របសម្រួល​គ្នា​ផង​ដែរ​។

 

បច្ចុប្បន្ន រថយន្ត​ទំនើប​ទាំង​៣​គ្រឿង​ខាងលើ​នេះ ត្រូវ​បាន​ម្ចាស់​យក​រថយន្ត​ស្ទួ​ច មក​ស្ទួ​ច​យក​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន ហើយ​ចំពោះ​សំណង​ដែល​ដើមឈើរ​លំបាក់​សង្កត់​លើ​រថយន្ត​នោះ ម្ចាស់​រថយន្ត​កំពុងធ្វើការ​សម្របសម្រួល​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ហើយ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *