(សៀមរាប)៖ រថយន្តក្រុងដឹកឈើល្មើសច្បាប់បីគ្រឿងបង្រ្កាបបានជាបន្តបន្ទាប់ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយរដ្ឋបាលព្រៃឈើស្ទាក់ចាប់រថយន្តក្រុង២គ្រឿង និងបន្តចាប់រថយន្តធុនកាមរីបាឡែន១គ្រឿងទៀតដឹកឈើខុសច្បាប់។
លោកវរសេនីយ៍ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលដឹកនាំកម្លាំងផ្ទាល់ បានអោយដឹងថា នៅថ្ងៃទី៣ ម្សិលមិញខែសីហា វេលាម៉ោង៧និង៤៥នាទីយប់ បានឃាត់រថយន្តក្រុង ធុន៤៥កៅអី១គ្រឿងពាក់ផ្លាកលេខសៀមរាប3A ២១ ៦៤ នៅភូមិគោកត្រាច ឃំុបាល័ង ស្រុកប្រាសាទ បា គង។ លុះមកដល់វេលាម៉ោង៩និង២០នាទីយប់ដដែលបន្តឃាត់បានរថយន្តកុងទីនរ័(ឃ្លុប)របស់ក្រុងហ៊ុនរឹទ្ធមន្នី ពាក់ផ្លាកលេខភ្នំពេញ3F.៦២៨៥6 នៅភូមិតានី ឃំុ រុនតាឯក ស្រុកបន្ទាយស្រី។
លោកបន្តថា ក្នុងការបង្ក្រាបនេះ គឺរឹបអូសរថយន្តធុន៤៥កៅអីចំំនួន១គ្រឿង បានដឹកកៅអីឈើចំនួន ៦០ ហង្សតេធំចំនួន១០ ហង្សតេតូចចំនួន១៧ ប៉ៅអ៊ីចំនួន២ និង រថយន្តឃ្លុបកុងទីនរ័ ១គ្រឿង កៅអីចំនួន២៥ គ្រែព្រះនាងចំនួន០១។ ចំពោះវត្ថុតាងទាំង២ករណីខាងលើបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
ដោយឡែក លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នៅរសៀលថ្ងៃទី៤ ខែសីហានេះ បានអោយដឹងថា រថយន្តក្រុងទាំង២គ្រឿងខាងលើ បានដោះលែងវិញហើយព្រោះវត្ថុតាងជារបស់កែច្នៃហើយ។ ចំណែករថយន្តម៉ាកបាឡែនគឺអនុវត្តដោយពិន័យជាអន្តរកាល ព្រោះជាបទល្មើសជាក់ស្តែង។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានជំងឺរាតត្បាតទីផ្សារឈើគ្រប់ប្រភេទ បានហក់ឡើងថ្លៃខ្ពស់ជាងធម្មតា ជាមួយគ្នានោះ ការដឹកជញ្ជូនឈើចូលក្នុងខេត្តសៀមរាប និងឆ្លងកាត់ក៍ចាប់ផ្តើមកំរើកឡើងវិញយ៉ាងកក្រើកហើយ ថ្មីៗនេះ ព្រោះតែអ្នកខ្លះដឹកបានដោយរលូន ហើយអ្នកខ្លះដឹកមិនបាន ក៍ធ្វើអោយឈ្មួញនិងសមត្ថកិច្ច ស្ទាក់វ៉ៃគ្នារហូតប្តឹងដល់តុលាការផងដែរ។ តែគេរំពឹងថា សមត្ថកិច្ចជំនាញ អាចនឹងបង្ក្រាបអោយដូចករណីខាងលើ គឺបិទភ្លើងខៀវ មិនថាខ្សែខាងណានោះឡើយ៕