(ភ្នំពេញ)៖ សមត្ថកិច្ចតាមចាប់បានបុរស២នាក់ ក្នុងករណីផ្ទុះអាវុធបន្ទាប់មានជម្លោះជាមួយមិត្តភក្តិក្នុងហាងផឹកស៊ីមួយបង្កឱ្យមានការភ្ញាក់ផ្អើលកណ្តាលរាជធានីភ្នំពេញ។
កម្លាំងនគរបាល រាជធានីភ្នំពេញជាមួយនគរបាលខណ្ឌបឹងកេងកង តាមចាប់ខ្លួនបានជនបង្កផ្ទុះអាវុធ កាលពីរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២១ នៅសណ្ឋាគារសេវេនដេ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖
កាលពី យប់ថ្ងៃទី១៤ ខែកក្កដា នៅម្តុំស្ពានអាកាសក្បាលថ្នល់ ផ្លូវនរោមត្ដ សង្កាត់ចាក់អង្រែលើ មានករណីផ្ទុះអាវុធមួយកើតឡើងបង្កដោយមនុស្ស១ក្រុមមិនស្គាល់អត្តសញ្ញាណ។
បន្ទាប់បានចុះស្រាវជ្រាវស៊ើបអង្កេតដឹងថា ជនសង្ស័យមកដេកលាក់ខ្លួននៅសណ្ឋាគារមួយក្នុងខណ្ឌបឹងកេងកង កម្លាំងក៏ឆ្នក់ចូលចាប់បានជនសង្ស័យ២នាក់ ជាមួយនិងវត្ថុតាងអាវុធខ្លី១ដើម ម៉ាកK59 ពណ៌ទឹកមាស និងគ្រាប់ចំនួន៤គ្រាប់។បុរសជាជនសង្ស័យឈ្មោះ កែវ គន្ធប៊ុននី អាយុ៣១ឆ្នាំ និងឈ្មោះ សម្បត្តិ រ៉ាឆៃ អាយុ៣៤ឆ្នាំ ទាំងពីរនាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវនគរបាល កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕