(ព្រះវិហារ)៖ បទល្មើសដឹកជញ្ជូនឈើលេខ១ ជាប្រភេទឈើសុក្រម និងឈើឈ្លីក របស់មេឈ្មួញមានលុយមានអំណាច ដែលបានកើតមានក្នុងស្រុកសង្គមថ្មីត្រូវបានបង្ក្រាប។
លោក តូ សុថេត នាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២១ កម្លាំងជំនាញបានចុះស្រាវជ្រាវរកមុខសញ្ញាដឹកបទល្មើសព្រៃឈើ។ ជាលទ្ឋផលរកឃើញក្រុមឈ្មួញយកឈើមកលាក់ទុកចំនួន៤កន្លែងមានឈើចំនួន ៩៩ដុំ ជាឈើអារបួនជ្រុង មុខកាត់ចាប់ពី១៥ជុំ រហូតដល់ ៤០ជុំនៅតាមផ្ទះពលរដ្ឋ ក្នុងភូមិស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
សមត្ថកិច្ច បានឱ្យដឹងថា ឈើលេខ១ ប្រភេទឈើសុក្រម និងឈើឈ្លីក ត្រូវបានមេឈ្មួញបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចូលទៅលួចអារនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ការលីនឆយ ដែលមានទីតាំងស្ថិតក្នុងឃុំស្តៅ ស្រុកសង្គមថ្មី យកមកលក់ឱ្យក្រុមឈ្មួញក្នុងមួយម៉ែត្រគូបតម្លៃ៣០០ដុល្លារ។វត្ថុតាងមានឈើចំនួន ៩៩ដុំខាងលើ ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕