(តាកែវ)៖ កម្លាំងនគរបាលខេត្តតាកែវសហការនិងនគរបាលខណ្ឌដង្កោរាជធានីភ្នំពេញបានចាប់ក្រុមជនសង្ស័យចំនួន៤នាក់ករណីលួចម៉ូតូ។
មន្ត្រីនគរបាលបានឱ្យដឹងថា ក្នុងការបង្រ្កាបបទល្មើសចោរលួច ឆក់ប្លន់គ្រឿងញៀនក្មេងទំនើងក្នុងមូលដ្ឋាននេះសមត្ថកិច្ចខេត្តតាកែវតាមចាប់ក្រុមជនសង្ស័យដល់រាជធានីបានចំនួន៤នាក់ក្នុងចំណោមបក្ខពួក៥នាក់នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
ជនសង្ស័យភេទប្រុស៤នាក់នោះឈ្មោះចេង វណ្ណដែងអាយុ១៧ឆ្នាំ ឈ្មោះ ហ៊ិន ធូ អាយុ១៨ឆ្នាំ ឈ្មោះ យន់ សុខចាន់ អាយុ១៥ឆ្នាំ ឈ្មោះ អ៊ុក ចាន់នីអាយុ១៨ឆ្នាំ ឈ្មោះ ពូន ឧត្តម បានគេចខ្លួន។ជនសង្ស័យទាំង៥នាក់ មានទីលំនៅភូមិបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។វត្ថុតាងដែលដកហូតបានម៉ូតូ១គ្រឿងនិងឧបករណ៍សោរកែច្នៃសម្រាប់ធ្វើសកម្មភាព១ដើម។
គួរបញ្ជាក់ថា ក្រុមជននេះលួចកាច់សោរកម៉ូតូនៅម្តុំភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ម៉ូតូម៉ាកវីវ៉ាពាក់ផ្លាកលេខភ្នំពេញ1AD-9288 របស់ជនរងគ្រោះឈ្មោះ ស៊ិន ស៊ីដែន អាយុ២៧ឆ្នាំ ។បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូន ទៅតុលាការនិងស្វែងរកចាប់បក្ខពួកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕