(សៀមរាប)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យដេប៉ូឈើមួយកន្លែង រកឃើញឈើល្មើសច្បាប់មួយចំនួន រីឯម្ចាស់ដេប៉ូម្នាក់និងគូកន២នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនសខេត្តសៀមរាប បានមានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចុះពិនិត្យដេប៉ូឈើឈ្មោះ តាំង សុខនី ត្រង់ចំណុចភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។វត្ថុតាងមានដូចជា៖១-ឈើ ប្រភេទសុក្រម ចំនួន ១៧៤ដុំ,ស្មើ៧៧៤២ម៉ែត្រគូប។លោកបញ្ជាក់ថា ចំពោះវត្ថុតាងខាងលើត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីអនុវត្តបន្តនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ។
ជាចុងក្រោយនៅល្ងាចនេះ បានឲ្យដឹងថា ដោយមានការសង្ស័យ និងមានការក្លែងបន្លំភូតកុហក ផងដែរនោះ សមត្ថកិច្ចបានសម្រេចសួរនាំមនុស្សចំនួន៣នាក់ក្នុងនោះម្នាក់ឈ្មោះស្រេង ប្រណី ដែលជាអតីត ថៅកែឈ្មួញឈើគ្រញូងប្រចាំទិសឧត្តរនិងកូកនចំនួន២នាក់ទៀត។
គួររម្លឹកផងដែរថា នៅដើមឆ្នាំ២០២១នេះឈ្មួញឈើ ឈ្មោះស្រេង ប្រណី បានដើរធ្វើព្យុះធ្វើភ្លៀងរហូតបានក្លាយជាថៅកែដេប៉ូឈើ ហើយបានធ្លាប់ជាប់ពន្ធនាគារម្តងរឿងឆបោក,នៅគ្រានេះអាចជាប់ម្តងទៀតដោយសារស្តុកឈើគ្មានច្បាប់ក្នុងដេប៉ូដែលដើរអ៊ួតប្រាប់គេថាមានច្បាប់។យ៉ាងណាម៉ិញមហាជនបានសាទរទៅចំណាត់ការរបស់សមត្ថកិច្ចដែលបានមានវិធានការក្តៅៗដើម្បីទប់ស្កាត់នៃការកាប់បំផ្លាញព្រៃឈើបន្ថែមទៀតពីសំណាក់ក្រុមឆ្លៀតឳកាសដែលពូកែអែបអបលូនក្រាបក្រោមតុដើម្បីបានកាប់ឈើក្នុងតំបន់អភិរក្សជាដើម…៕ដោយ៖សុខណា