(ភ្នំពេញ)៖ បុរសម្នាក់ពេលបើករថយន្តលឿន ជ្រុលទៅបុករបងផ្ទះគេបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង។ហេតុការណ៍នេះបានកើតឡើងនៅក្បែរបុស្ដិ៍នគរបាលជ្រោយចង្វាតាមផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បើករថយន្ដម៉ាកតូយ៉ូតា ហាយឡេនឌ័រ ពាក់ផ្លាកលេខ 2AI-2771 និងមានបុរសម្នាក់រួមដំណើរបានធ្វើដំណើរ តាមផ្លូវទន្លេសាប។ មកដល់កន្លែងកើតហេតុ បានវ៉ាក់អឺនឹងម៉ូតូរថយន្តបួងចង្កូតគេច ក៏ជ្រុលឡើងលើចិញ្ចើមផ្លូវទៅបុករបងថ្មនៅក្បែរនោះបណ្ដាលឱ្យបាក់អស់មួយផ្ទាំង។ចំណែករថយន្ដក្រឡាប់ផ្ងារជើង តែមិនបណ្ដាលឱ្យមាននរណាម្នាក់រងគ្រោះថ្នាក់ទេ។តែអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
បន្ទាប់ពីកើតហេតុអ្នកបើកបររួមទាំងរថយន្ដត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នាំទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕