ភ្នំពេញ ៖ នារីវ័យក្មេង២នាក់បងប្អូនបង្កើត បានបាត់បង់ជីវិត ជាបន្តបន្ទាប់ សង្ស័យពុលស្រា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ស្ថិតនៅលំនៅដ្ឋានគ្រួសារសព ភូមិសំរោង សង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ ។
នារីរងគ្រោះដែលស្លាប់មានឈ្មោះទី១ ឈ្មោះ អ៊ុយ ស្រីម៉ៅ អាយុ២១ឆ្នាំ និងទី២ ឈ្មោះ អ៊ុយ ស្រីដា អាយុ១៩ឆ្នាំ នាក់ទាំង២ ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកទាំង២បម្រើការងារ នៅភោជនីយដ្ឋាន អ័រគីដេ សង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ។
តាមការបំភ្លឺរបស់ម្ដាយនារីរងគ្រោះទាំង២ បានបំភ្លឺជូនសមត្ថកិច្ចថា វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អ៊ុយ ស្រីម៉ៅបានជិះម៉ូតូទៅបំពេញការងារ នៅភោជនីដ្ឋាន អ័រគីដេសង្កាត់ព្រែកភ្នៅ លុះម៉ោង៤ល្ងាច ក៏បានត្រឡប់មកវិញ ប្រាប់ថាអស់កម្លាំងមិនស្រួលក្នុងខ្លួនសោះ ដោយក្អួតរហូត ទើបបងប្រុសបញ្ជូន ទៅកាន់មន្ទីរពេទ្យនានា ដើម្បីព្យាបាល ។ដោយឡែកប្រភពមួយប្រាប់ថា មាននារី៤នាក់ ឯណោះដែលបានពុលស្រា តែមិនដឹងលទ្ធផល២នាក់ទៀត យ៉ាងណានោះទេ ។
ប្រភពបន្តថា ចំណែក អ៊ុយ ស្រីដា ក៏បានជិះកង់បីមកផ្ទះ នឹងមានសភាពដូចគ្នា រួចបញ្ជូនទៅសង្គ្រោះ តែអកុសល កូនរបស់គាត់ទាំង២បានផុតដង្ហើមជាបន្តបន្ទាប់ ទោះបីក្រុមគ្រូពេទ្យ ខិតខំសង្គ្រោះបន្ទាន់យ៉ាងណាក៏ដោយ ។ មុនសង្គ្រោះ គ្រូពេទ្យក៏បានធ្វើតេស្តបឋមរកជំងឺកូវី–១៩ ជាលទ្ធផលអវិជ្ជមាន ទើបយកទៅសង្រ្គោះ ហើយគ្រូពេទ្យនិយាយថា កូនគាត់ពុលស្រា ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលមិនអាចសង្គ្រោះបាន ។
បច្ចុប្បន្នសពកូនស្រីរបស់គាត់ទាំងពីរ យកមកផ្ទះរង់ចាំសមត្ថកិច្ច ធ្វើកោសល្យវិច័យ ស្រាវជ្រាវនិងពិនិត្យបន្ថែម មុនធ្វើបុណ្យទៅតាមប្រពៃណី ៕