រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេក ទេសលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុន China Railway International Group Co., Ltd ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំថ្នាក់បច្ចេកទេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន China Railway International Group Co., Ltd អំពីរបាយការ ណ៍ ស្តីពីលទ្ធផលសិក្សាផ្នែកបច្ចេកទេស លើគម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ក៏ដូចជា វេទិកាសួរដេញដោល ផ្ដល់មតិយោបល់ សំណូមពរ និងដំណោះស្រាយពីភាគីពាក់ព័ន្ធ សំដៅឱ្យរបាយការណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។ យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា គម្រោងសាងសង់ផ្លូវនេះមានបីជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ស្របតាមអនុ ស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។
នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ លើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើ ត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេសក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុ ពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការជ្រើសរើសយកជម្រើសណាមួយនោះ ត្រូវផ្ដោតជាសំខាន់លើក្របខ័ណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់ និងបានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់ធាតុចូលយ៉ាងសំខាន់ និងមានតម្លៃបំផុតដើម្បីឱ្យការរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃសិក្សាគម្រោងផ្នែកបច្ចេកទេស នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យភាគី និងស្ថាប័នពាក់ព័ន្ធបន្តចូលរួមកិច្ចប្រជុំប្រចាំខែលើការពិនិត្យវឌ្ឍនភាពគម្រោងនេះ ដើម្បីផ្ដល់កិច្ចសហការ និងជួយដោះស្រាយនូវបញ្ហាមួយចំនួន ដែលក្រុមហ៊ុនមិនអាចដោះស្រាយបាន សំដៅឱ្យគម្រោងនេះមានដំណើរការដោយរលូន៕