ខេត្តសៀមរាប ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម វីឡាយវ៉ាន់ ប៊ូតដាខាំ (Vilayvanh Boutdakham) អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក អ៊ីកកាវិច វ៉ាចវ៉ាកុ ( Eakawit Wajjwalku)ស្នងការគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ រួមទាំងសមាជិក សមាជិកាគណៈប្រតិភូទាំងអស់ និងមានការចូលរួមពី លោកនាយករដ្ឋបាល លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយកទីចាត់ការអន្តរវិស័យ និងលោកប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត នៅសាលប្រជុំរដ្ឋបាលខត្តសៀមរាប ។
កិច្ចប្រជុំក្រុមការងារត្រីភាគី លើកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ រវាងអង្គភាពប្រឆាំងអំពើពុករលួយ ACU កម្ពុជា, អាជ្ញាធរអធិការកិច្ចរដ្ឋ (SIA) ឡាវ និងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) ថៃ ត្រូវបានផ្តួចផ្តើមឡើងដោយNACC។ កិច្ចប្រជុំក្រុមការងារត្រីភាគីនេះ ធ្លាប់បានរៀបចំឡើងចំនួន ០២លើករួចមកហើយគឺ៖ លើកទី១ នៅថ្ងៃទី៣០–៣១ ខែសីហាឆ្នាំ២០១៨ នៅខេត្ត UbonRatchathani នៃព្រះរាជាណាចក្រថៃ (NACC ថៃជាម្ចាស់ផ្ទះ) និងលើកទី២ នៅថ្ងៃទី១១–១២ ខែធ្នូឆ្នាំ២០១៩ នៅខេត្តប៉ាក់សេ–ខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (SIA ឡាវជាម្ចាស់ផ្ទះ) ។ កិច្ចប្រជុំនេះដែរ គឺកើតចេញពីចក្ខុវិស័យដ៏វែងឆ្ងាយនិង ការឯកភាព គ្នាជាឯកច្ឆ័ន្ទពីថ្នាក់ដឹកនាំកំពូលរបស់ស្ថាបនទាំងបី ក្នុងការបង្កើតឱ្យមានកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង និងក៏ជាវេទិកាដ៏ល្អមួយក្នុងការផ្តល់ឱកាសឱ្យភាគីនីមួយៗបានសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកផ្លាស់ប្តូរបទ ពិសោធន៍ ការងារ និងយុទ្ធសាស្រ្តរបស់ខ្លួនក្នុងនាមជាប្រជាជាតិភូមិផងរបងជាមួយគ្នាតរាប់ជំនាន់ទៅមុខ។
ការរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាបនេះរៀបចំឡេីងក្នុងគោលបំណងបន្ដពិភាក្សាអំពីមាត្រា ៤៨ និងមាត្រា ៤៩ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (United Nations Convention Against Corruption-UNCAC) ក្នុងន័យដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងACU កម្ពុជា SIA ឡាវ និង NACC ថៃ ដោយផ្តោតលើការពិភាក្សា និងចែករំលែកនូវយុទ្ធសាស្ត្រទាក់ទងនឹងការអប់រំ ការបង្ការ–ទប់ស្កាត់អំពើពុករលួយ និងពិភាក្សារាល់បញ្ហាដែលពាក់ព័ន្ធនឹងការផ្តល់សេវា សាធារណៈ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់មន្ត្រីដែលបម្រើការងារនៅតាមព្រំដែននិងការងារពាក់ព័ន្ធផ្សេងទៀត៕